Ephesians 2

1រីឯអ្នករាល់គ្នាវិញ​អ្នករាល់គ្នា​បានស្លាប់នៅក្នុងកំហុសនិងបាប​របស់​អ្នករាល់គ្នា 2កាលពី​មុន​អ្នករាល់គ្នា​រស់នៅតាមរបៀបរបស់លោកិយនេះ​គឺ​តាមចៅហ្វាយ​នៃ​សិទ្ធិអំណាចនៅលើអាកាសជាវិញ្ញាណដែល​កំពុង​ធ្វើការសព្វថ្ងៃនេះក្នុង​ពួក​កូនៗដែល​មិន​ស្ដាប់បង្គាប់ 3កាលពីមុនយើងទាំងអស់គ្នាក៏​ធ្លាប់​រស់នៅតាមចំណង់តណ្ហាសាច់ឈាម​របស់​យើងក្នុងចំណោមពួកគេដែរ​ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណងនិងគំនិតខាងសាច់ឈាម​ហើយ​យើង​ជាកូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើតដូចជាអ្នកដទៃទៀតដែរ 4ប៉ុន្ដែព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តាករុណា​ដ៏​បរិបូរ​ព្រះអង្គ​ស្រលាញ់យើងដោយ​សេចក្ដី​ស្រលាញ់ដ៏ខ្លាំង​របស់​ព្រះអង្គ 5ទោះបីយើងបានស្លាប់នៅក្នុងកំហុស​របស់​យើង​ក៏ដោយ​ក៏​ព្រះអង្គ​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រួមជាមួយ​ព្រះ​គ្រិស្ដ​ដែរ​ដូច្នេះ​អ្នករាល់គ្នា​ទទួល​បាន​សេចក្ដីសង្គ្រោះ​ដោយសារ​ព្រះ​គុណ 6ហើយនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់ឡើងវិញ​រួម​ជាមួយ​ព្រះ​គ្រិស្ដ​និង​បាន​ឲ្យ​យើង​អង្គុយរួមជាមួយ​ព្រះអង្គ​នៅឯស្ថានសួគ៌ 7ដើម្បីឲ្យ​ព្រះអង្គ​បង្ហាញជំនាន់ខាងមុខ​ឲ្យ​ឃើញពី​ព្រះ​គុណ​ដ៏​បរិបូរលើសលប់​របស់​ព្រះអង្គ​ដែល​បាន​ប្រទាន​ដល់យើងដោយ​សេចក្ដី​សប្បុរសក្នុង​ព្រះ​គ្រិស្ដយេស៊ូ 8ដ្បិតអ្នករាល់គ្នា​ទទួល​សេចក្ដីសង្គ្រោះ​ដោយសារ​ព្រះ​គុណតាមរយៈជំនឿហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ​គឺ​ជាអំណោយទាន​របស់​ព្រះជាម្ចាស់ 9ហើយក៏​មិនមែនមកពី​ការ​ប្រព្រឹត្តិ​ដែរ​ក្រែងលោ​មាន​អ្នកណាម្នាក់អួតខ្លួន 10ព្រោះយើង​ជាស្នាព្រះហស្ដ​របស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើតមកនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់​បាន​រៀបចំទុកជាមុនដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដតាម 11ដូច្នេះចូរ​ចាំថាពីមុនអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាមដែល​ត្រូវ​បាន​ពួក​អ្នកដែលហៅថា​ពួក​កាត់ស្បែកខាងសាច់ឈាមដោយដៃ​មនុស្ស​ហៅ​អ្នករាល់គ្នា​ថា​ពួក​មិនកាត់ស្បែក 12ពេលនោះ​អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រិស្ដ​ទេ​ហើយ​មិន​ត្រូវ​បាន​រាប់បញ្ចូល​ថា​ជាជនជាតិអ៊ីស្រាអែល​ឡើយ​ក៏​ជា​អ្នកក្រៅ​ខាងឯ​កិច្ចព្រមព្រៀងនៃ​សេចក្ដី​សន្យាគ្មានសង្ឃឹម​និង​គ្មានព្រះជាម្ចាស់នៅក្នុងលោកិយ​នេះ​ផង 13ប៉ុន្ដែនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូអ្នករាល់គ្នាដែលពីមុននៅឆ្ងាយឥឡូវនេះ​ត្រូវ​បាន​នាំមកជិតវិញដោយសារឈាម​របស់​ព្រះ​គ្រិស្ដ 14ដ្បិតព្រះអង្គជា​សេចក្ដី​សុខសាន្ត​របស់​យើងព្រះអង្គ​បាន​ធ្វើឲ្យទាំងពីរ​រួមមក​តែមួយហើយបំផ្លាញជញ្ជាំងដែលខណ្ឌផ្ដាច់​និង​ភាព​ជា​សត្រូវដោយរូបកាយរបស់ព្រះអង្គ 15គឺព្រះអង្គ​បាន​លុបបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ដិ​និង​សេចក្ដី​បង្គាប់ទាំងឡាយ​ចោល​ដើម្បី​ឲ្យ​ព្រះអង្គ​យក​ទាំងពីរ​មក​បង្កើតជាមនុស្សថ្មីតែមួយនៅក្នុងព្រះអង្គ​ទាំង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត 16ហើយដើម្បី​ឲ្យ​ព្រះអង្គ​ផ្សះផ្សាទាំងពីរជាមួយព្រះជាម្ចាស់នៅក្នុងរូបកាយតែមួយតាមរយៈឈើឆ្កាង​ដោយ​បាន​លុបបំបាត់ភាព​ជា​សត្រូវចោលតាមរយៈឈើឆ្កាង 17ពេលព្រះអង្គ​យាងមក​ព្រះអង្គ​បាន​ប្រកាសដំណឹងល្អ​នៃ​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នាជា​អ្នក​ឆ្ងាយនិង​ដល់​អស់អ្នកជា​អ្នក​ជិតដែរ 18ព្រោះតាមរយៈព្រះអង្គ​យើង​ទាំងពីរមានផ្លូវទៅឯ​ព្រះ​វរ​បិតាដោយ​ព្រះ​វិញ្ញាណតែមួយ 19ហេតុនេះអ្នករាល់គ្នា​លែង​ជា​អ្នកក្រៅ​ជា​ជនបរទេស​ទៀត​ហើយផ្ទុយទៅវិញ​អ្នករាល់គ្នា​ជាជនរួមជាតិរបស់​ពួក​បរិសុទ្ធព្រមទាំង​ជា​អ្នក​នៅក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទៀត​ផង 20ហើយអ្នករាល់គ្នា​ត្រូវ​បាន​សង់លើគ្រឹះរបស់​ពួក​សាវកនិង​ពួក​អ្នកនាំព្រះបន្ទូល​ដែល​ព្រះ​គ្រិស្ដយេស៊ូផ្ទាល់ជាថ្មជ្រុងដ៏សំខាន់ 21ហើយនៅក្នុងព្រះអង្គអគារទាំងមូល​ត្រូវ​បាន​ផ្គុំឡើង​ទាំង​ចម្រើនទៅជា​ព្រះ​វិហារ​ដ៏​បរិសុទ្ធនៅក្នុងព្រះអម្ចាស់ 22រីឯអ្នករាល់គ្នាក៏​ដូច្នោះ​ដែរ​អ្នករាល់គ្នា​កំពុង​ត្រូវ​បាន​សង់ឡើងជាមួយគ្នា​ឲ្យ​ទៅជាដំណាក់​របស់​ព្រះជាម្ចាស់នៅក្នុងព្រះវិញ្ញាណ
Copyright information for KhmKCB